ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ជា ស៊ីម កាលពីនៅរស់
លោក ជា ស៊ីម គឺជាអ្នកនយោបាយវ័យចំណាស់លេចធ្លោមួយរូបនៅក្នុងប្រទេសកម្ពុជា ។ លោកទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋជាតិទូទៅ ពីថ្នាក់ដឹកនាំជាតិ និងអន្ដរជាតិនៅក្នុងប្រទេសកម្ពុជានិងលើពិភពលោកផងដែរ ។ លោកបានក្លាយជាប្រធានរដ្ឋសភាចាប់តាំងពីឆ្នាំ ១៩៨១ ដល់ ១៩៩៨ ហើយបានក្លាយជាប្រធានព្រឹទ្ធសភាមួយឆ្នាំបន្ទាប់ គឺចាប់តាំងពីឆ្នាំ ១៩៩៩ រហូតមកដល់ឆ្នាំ២០១៥នេះ ។ ក៏ប៉ុន្ដែដោយសារតែមានបញ្ញាសុខភាពនៅរយៈពេលចុងក្រោយនេះ លោក ជា ស៊ីម តែងតែអវត្ដមានពីការងារ ដោយប្រគល់ភារកិច្ចទៅអនុប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ជំនួសវិញ ។
លោក ជា ស៊ីម បានកើតចេញពីត្រកូលកូនកសិករក្នុងស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៣២ ។ ឪពុករបស់លោកមានឈ្មោះ ជា សៅ ហើយម្ដាយឈ្មោះ ប៉ែន ណាវ ដែលពួកគាត់ប្រកបរបរធ្វើស្រែចម្ការ ។ លោក ជា ស៊ីម ជា កូនទីបីក្នុងគ្រួសារដែលមានកូនប្រុសបួននាក់ និងកូនស្រីម្នាក់ ។ កូនបងគេបង្អស់ជាកូនប្រុសមានឈ្មោះ ជា សន កូនទីពីរ ជា នូ ជាកូនស្រី កូនទីបីគឺលោក ជា ស៊ីម កូនទីបួន ឈ្មោះ ជា ផន ជាកូនប្រុស និង កូនប្រុសពៅឈ្មោះ ជា ផុន ។
កាលពីកុមារភាព ដោយសារតែស្រលាញ់វប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនា លោក ជា ស៊ីម បានទៅបួសធ្វើជាសាមនេរ ដើម្បីទទួលបានការសិក្សាអប់រំនៅក្នុងវត្ដអារាម ។ លោកបានបញ្ចប់កម្រិតសិក្សាមធ្យមទូទៅពីពុទ្ធិកមធ្យមសិក្សា និងសាលានយោបាយជាន់ខ្ពស់ បណ្ឌិតកិត្តិយសខាងទស្សនៈវិជ្ជា ។
នៅចន្លោះឆ្នាំ ១៩៥១ ដល់ ១៩៥៤ លោក ជា ស៊ីម បានចូលរួមក្នុងចលនាបដិវត្ដន៍របស់ខ្មែរឥស្សរដើម្បីជួយស្វែងរកឯករាជ្យសម្រាប់ប្រទេសកម្ពុជា ។
នៅក្នុងឆ្នាំ ១៩៥៥ លោកបានរៀបការជាមួយស្ដ្រីម្នាក់ ឈ្មោះ ញែម សឿន ។ ពួកគេទាំងពីររស់នៅជាមួយគ្នាដោយបានបង្កើតបានកូន៧នាក់ កូនប្រុស៤នាក់ និងកូនស្រី៣នាក់ ។ កូនច្បងរបស់គាត់ឈ្មោះ ជា សាក ភេទប្រុស កូនទីពីរ ឈ្មោះ ជា សំអាត ភេទស្រី កូនទីបី ឈ្មោះ ជា សំអេង ភេទស្រី កូនទីបួនឈ្មោះ ជា ប៉ិន ភេទស្រី កូនទីប្រាំឈ្មោះ ជា ធា ភេទប្រុស កូនទីប្រាំមួយឈ្មោះ ជា ថា ភេទប្រុស និងកូនទីប្រាំពីរឈ្មោះ ជា សុមេធី ភេទប្រុស ។
ចាប់ពីឆ្នាំ ១៩៥៤ ដល់ ឆ្នាំ១៩៧៥ លោក ជា ស៊ីម បានចូលរួមក្នុងចលនាតស៊ូខ្មែរឥស្សរៈ ហើយត្រូវបានតែងតាំងជាមេឃុំ និងចៅហ្វាយស្រុកជាបន្ដបន្ទាប់ ។
នៅក្នុងរបបប៉ុល ពត ចន្លោះពីឆ្នាំ ១៩៧៥ ដល់ ១៩៧៨ លោកនៅតែតស៊ូប្រឆាំងជាលក្ខណៈសម្ងាត់ និងបើកចំហរទៅនឹងរបបនេះផងដែរ ។ រហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ លោកត្រូវបានតែងតាំងជាអនុប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ។ ការតែងតាំងនេះដោយសារតែលោកត្រូវបានគេមើលឃើញពីប្រវត្តិតស៊ូ និងតួនាទីរបស់លោកកាលពីអតីតភាព ។ នៅចន្លោះឆ្នាំ១៩៧៨ និង១៩៧៩ លោកបានបាត់បង់កូនប្រុសច្បងជាទីស្រឡាញ់របស់លោកគឺ លោក ជា សាក់ និងបងប្អូនបង្កើតរបស់លោកគឺ លោក ជា សន លោក ជា ផន និង ជា ផុន។ ពួកគេត្រូវបានគេចាត់ទុកជាវីរៈបុរសរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ។
បន្ទាប់មក ពីថ្ងៃ៧ ខែមករា ឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៨១ លោក ជា ស៊ីម ត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាប្រជាជាតិបដិវត្តកម្ពុជា និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។
ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩៣ រយៈពេល១២ឆ្នាំ លោកក៏មានតួនាទីជាប្រធានរណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា ជាតំណាងរាស្ដ្រខេត្ដព្រៃវែង និងជាប្រធានរដ្ឋសភានៃរដ្ឋកម្ពុជា ។
ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩ លោកត្រូវបានជ្រើសរើសជាតំណាងរាស្ដ្រមណ្ឌលភ្នំពេញ និងក្រោយមកត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាននូវគោរម្យងារជា សម្ដេច ជា ស៊ីម ។
ថ្ងៃទី ១១ ខែមិនា ឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១៥ ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។


No comments:
Post a Comment